កាលបរិច្ឆេទ: ១០ ឧសភា ២០២២ / ជិវិត និងសង្គម
បុគ្គលិករបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលប្រមាណជាង៤០០នាក់បានជួបជុំគ្នាកាលពីថ្ងៃទី១២ មេសា នៅលើដំបូលអគាររោងចក្រខនហ្វីរេលដើម្បីប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រោយពីត្រូវបានផ្អាកអស់រយៈពេលពីរឆ្នាំមកហើយដោយសារតែវិបត្តិជំងឺកូវីដ១៩។
បន្ទាប់ពីពិធីសូត្រមន្តប្រោះព្រំទឹកមន្តរួចហើយ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន-សហគ្រាសមានប្រសាសន៍គូសបញ្ជាក់ពីផលលំបាកដែលក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេលក៏ដូចជាក្រុមហ៊ុនដទៃទៀតបានប្រឈមក្នុងអំឡុងពេលពីរឆ្នាំនៃវិបត្តិជំងឺកូវីដ១៩ នេះ។ លោកឧកញ៉ាឱសថបណ្ឌិតគូសបញ្ជាក់យ៉ាងដូច្នេះ៖ «ចុងបញ្ចប់ តាមរយៈការដោះស្រាយបញ្ហាម្តងមួយៗដោយគិតទៅដល់ស្ថានភាពជាក់ស្តែង ក្រុមហ៊ុនសហគ្រាសរបស់យើងអាចជម្នះឧបសគ្គបាន ហើយយើងក៏គ្មានបញ្ហាអ្វីធំដុំនោះដែរ»។
លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ក៏បានបន្ថែមទៀតថា ប៉ុន្តែឆ្នាំថ្មីនេះអាចនឹងមានបញ្ហាជាយថាហេតុកើតឡើងបាន។ «យើងត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច មិនត្រូវធ្វេសប្រហែសឡើយ។ សង្រ្គាមរវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនអាចផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យជាច្រើនដូចជា សេវាកម្មដឹកជញ្ជូន និងទីផ្សារវត្ថុធាតុដើមជាដើម។ ការកើនឡើងនៃតម្លៃវត្ថុធាតុដើមមួយចំនួនបានបង្កឲ្យមានវិបត្តិអតិផរណាជាថ្មីម្តងទៀតនៅតាមបណ្តាប្រទេសធំៗជាច្រើន។ ផលប៉ះពាល់នេះអាចនឹងជះឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចរបស់កម្ពុជា និងអាចបង្កឲ្យមានបញ្ហាជាច្រើនទៅថ្ងៃអនាគត»។ ដោយសង្ឃឹមថាក្រុមហ៊ុន-សហគ្រាសនឹងអាចជម្នះបាននូវរាល់ឧបសគ្គដែលអាចកើតឡើងជាយថាហេតុនៅថ្ងៃអនាគតដូចដែលក្រុមហ៊ុនធ្លាប់បានជម្នះក្នុងអំឡុងពេលពីរឆ្នាំនៃវិបត្តិជំងឺកូវីដ១៩ ដូច្នេះដែរនោះ លោកឧកញ៉ាឱសថបណ្ឌិតបានបន់ស្រន់សូមឲ្យឆ្នាំខាលឆ្នាំថ្មីនេះនាំមកនូវសេរីសួស្តី ជ័យមង្គល វិបុលសុខដល់ក្រុមហ៊ុន-សហគ្រាសក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។ ជាកិច្ចបញ្ចប់ លោកឧកញ៉ាឱសថបណ្ឌិតមានប្រសាសន៍យ៉ាងដូច្នេះទៅកាន់បុគ្គលិកទាំងអស់៖ «ខណៈពេលដែលយើងស្ថិតនៅក្នុងស្ថានភាពអស្ថេរភាព យើងត្រូវបន្តខិតខំប្រឹងប្រែងធ្វើការ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចាប់ផ្តើមសកម្មភាពអ្វីមួយ និងត្រូវគិតឲ្យបានល្អិតល្អន់ពីយុទ្ធសាស្រ្តរយៈពេលវែង»។ បន្ទាប់មកក៏មានការលេងល្បែងប្រជាប្រិយ ច្រៀងរាំកម្សាន្តដើម្បីអបអរសាទរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ៕